កំពង់ស្ពឺ៖ នាព្រឹកទី១៣ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ស្ថិតនៅសាលប្រជុំ នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមវត្តមាន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកអភិបាលរងខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធ និងកងកម្លាំងទាំងបីរប្រភេទ ចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំពេញអង្គគឺ ដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយរបៀបវារៈដែលលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនាព្រឹកនេះ រួមមាន៖ទី១-វឌ្ឍនភាពការអនុវត្តការងារនិងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS), ទី២-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ទី៣-របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក និងទី៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក ៕















