ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមប្រកាសបើកលទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៤ សីហា ២០២៥
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមប្រកាសបើកលទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង៖ ២៤ សីហា ២០២៥ នៅវិទ្យាល័យកំពង់ស្ពឺ ស្ថិតនៅក្នុងក្រុងច្បារមន នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ថ្លែងនៅក្នុងពិធីប្រកាសបើកលទ្ធផលប្រឡងនេះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានចូលរួមអបអរសាទរជាមួយនឹងក្មួយៗដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងកោតសរសើរដល់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់និទ្ទេស A ជាច្រើនរូប ដែលនាំមកនូវកេរ្តិ៍ឈ្មោះ កិត្តិយស សម្រាប់ខ្លួនយើង ក្រុមគ្រួសារយើង សម្រាប់សាលារៀន ក៏ដូចជាខេត្តកំពង់ស្ពឺយើងផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបន្ថែមទៀតថា នាពេលខាងមុខនេះ ក្មួយៗត្រូវទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យ សូមក្មួយៗខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះវិជ្ជា មកចូលរួមអភិវឌ្ឍន៍គ្រួសារ សហគមន៍ និងសង្គមជាតិ។
គួរបញ្ជាក់ផងដែរថា៖ ខេត្តកំពង់ស្ពឺស្ថិតក្នុងចំណោមTop10 ទូទាំងប្រទេសដែលមានបេក្ខជនប្រឡងបាក់ឌុបជាប់ច្រើន ក្នុងនោះវិទ្យាល័យកំពង់ស្ពឺ ជាវិទ្យាល័យគម្រូទទួលបានសិស្ស និទ្ទេសA ច្រើនជាងគេ៕





